(វ៉ាស៉ីនតោន)៖ ឆ្លៀតក្នុងឱកាសអមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ាន-អាមេរិក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានជួបពិភាក្សាការងារធុរកិច្ចជាមួយលោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២ (ម៉ោងនៅអាមេរិក)នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
កិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រឹងកិច្ចប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន ក្នុងការជំរុញធុរកិច្ច និងវិនិយោគរវាង អាមេរិក និងកម្ពុជា និងអាស៊ានទាំងមូល។ ជាមួយគ្នានេះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ បានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ ទាំងការរៀបចំកម្មវិធី ការជំរុញក្រុមហ៊ុនអាមេរិកជួយឧបត្ថម្ភកម្មវិធី និងការជួយអញ្ជើញថ្នាក់ដឹកនាំសហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលកម្ពុជាជាប្រធានអាស៊ាន២០២២។
ក្នុងឱកាសនោះ លោក ម៉ាក មាលី អនុប្រធានជាន់ខ្ពស់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន បានជម្រាបអ្នកឧកញ៉ា គិត ម៉េង ថា លោកបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកជារួមក្នុងការជំរុញធុរកិច្ច និងវិនិយោគអាមេរិកអាស៊ាន និងអាមេរិកកម្ពុជា ឲ្យមានការរីកចម្រើន។
លោកបានបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តែងតែ ចូលរួមយ៉ាងសកម្មជួយគាំទ្រដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។ សម្រាប់ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន រីករាយនឹងសហការគាំទ្រជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីឲ្យកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានប្រព្រឹត្តទៅប្រកបដោយជោគជ័យនៅកម្ពុជា។
គួរជម្រាបថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានការកើនឡើង ទោះបីជាមានវីដ១៩ យ៉ាងណាក៏ដោយក៏មានការកើនឡើងរហូតដល់ជិត ១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ ក្នុងនោះកម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិកមានសំលៀកបំពាក់ស្បែកជើង វិស័យកសិកម្ម គ្រឿងសង្ហារឹមជាដើម។ ជាមួយគ្នានោះក្រុមហ៊ុនអាមេរិកាំងជាច្រើនក៏មានវត្តមានទៅវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំពីទំនាក់ទំនងការទូត កម្ពុជា អាមេរិច ដែលជាខួប៧២ឆ្នាំ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ បានអញ្ជើញគណៈប្រតិភូធុរកិច្ចអាមេរិកទៅទស្សនកិច្ច និងស្វែងយល់ការវិនិយោគនៅឯប្រទេសកម្ពុជាផងដែរ៕
No comments:
Post a Comment