អាជ្ញាធរខេត្តមណ្ឌលគិរីប្រារព្ធពិធីបុណ្យវិសាខបូជា ដង្ហែពីរង្វង់មូលគោព្រៃទៅកាន់វត្តសែនមនោរម្យ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

អាជ្ញាធរខេត្តមណ្ឌលគិរីប្រារព្ធពិធីបុណ្យវិសាខបូជា ដង្ហែពីរង្វង់មូលគោព្រៃទៅកាន់វត្តសែនមនោរម្យ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា ដោយដង្ហែពីរង្វង់មូលគោព្រៃទៅកាន់វត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា បុណ្យវិសាខបូជា គឺជាបុណ្យប្រពៃណី សាសនាដ៏សំខាន់មួយ ក្នុងចំណោមបុណ្យតាមបែបសាសនាដ៏ទៃទៀត។ ការធ្វើបុណ្យវិសាខបូជានេះ ជាការរំលឹកដល់កាលទាំងបី របស់ព្រះសម្មាសម្ពុទ្ធ គឺ (ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន) គឺឱ្យតែដល់ថ្ងៃ ១៥កើតពេញបូណ៌មី ខែពិសាខ ពុទ្ធបរិស័ទគ្រប់វត្តអារាម មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននាំគ្នារៀបចំពិធី បុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំ។ ឯកឧត្តម បានបញ្ជាក់ថា វិស័យសាសនា ត្រូវបានស្ដារឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់តម្លៃខ្ពស់ លើការអភិវឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមាន ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា ការលើក ស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងការគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យវត្តអារាម និងវិហារ សាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលជីវភាពខាងស្មារតី ដែលជាសកម្មភាពដ៏សំខាន់ ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌អប់រំ និងសីលធម៌សង្គម៕

ឯកឧត្តម អភិបាលខេត្ត សូមកោតសរសើរចំពោះមន្ទីរធម្មការ និងសាសនា និងមេគុណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើនសមស្របទៅនឹងការវិវត្តរបស់សង្គមជាតិ។ ឯកឧត្តម ក៏បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តាចូលរួមប្រតិបត្តិតាមព្រះពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬរកគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនារបស់យើងឱ្យមានការរីកចម្រើន ព្រោះថាព្រះពុទ្ធសាសនា រីកចម្រើន ឬអត់ គឺអាស្រ័យទៅលើយើងទាំងអស់គ្នា។ ឯកឧត្តម ក៏បានសូមឱ្យដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ភ្ជាប់នូវការយល់គ្នា គោរពគ្នា តាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាពសាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមឱ្យព្រះថេរានុថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ ស្វាធ្យាយរៀនសូត្រ ព្រះធម៌ ព្រះវិន័យ និងប្រតិបត្តិបានសមជាស្រែបុណ្យសម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពុទ្ធបរិស័ទទាំងអស់ បានចូលរួមរាប់បាតព្រះសង្ឃចំនួន ១០០អង្គផងដែរ៕

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages