ភ្នំពេញ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសដែលប្រជាជនវៀតណាម ត្រៀមប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គ រដ្ឋទូតវៀតណាម និង វរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នៅថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំស្ថានទូត, អនុព័ន្ធយោធា, សហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលបក្ស រដ្ឋាភិបាលប្រគល់ឱ្យ ។ ពិសេសសូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំង អំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។
ជាកិច្ចឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គ រដ្ឋទូតវៀតណាម បានសម្តែងនូវការអរគុណចំពោះមនោសញ្ជេតនា របស់គណៈប្រតិភូអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នាឱកាសនេះ ដោយបានគូសបញ្ជាក់ថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យឃើញ នូវចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ ៕ដោយសំ សាម៉ន សម្រួលផ្សាយដោយ៖dara
No comments:
Post a Comment