(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយរួមនិងសហការីបាននាំយក នូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣វត្តក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺវត្ត ឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ វត្តទេពនិមិ្មត និងវត្តសែនសិរី នាថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០២១ ។
ក្នុងឱកាសនោះដែរលោកជំទាវ បានបញ្ជាក់ថាប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ គ្រប់ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្ត ពេលនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័នមន្ត្រី បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
ក្នុងឱកាសនោះលោកជំទាវ ឃួន ឃុនឌី និងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើងដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ ។
លោកជំទាវ ឃួន ឃុនឌី បានសំណូមពរឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈរមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺ ដ៏កាចសាហាវមួយនេះ។ ទេយ្យទានក្នុង១វត្ត ប្រគេនទៀនវស្សា១គូរ អង្ករ ទឹកក្រូច មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងម៉ាសូត និងថវិកាមួយចំនួន ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ
No comments:
Post a Comment