ព្រះសីហនុ :ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ខេត្ដព្រះសីហនុបានធ្វើរបាយការណ៍ឱ្យដឹងថា សមិទ្ធផលទាំងនោះរួមមាន ឧបដ្ឋានសាលាមួយខ្នងមានបណ្ដោយ ៣០ម៉ែត្រ ទទឹង១៨ ម៉ែត្រ កម្ពស់១៥ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ កសាងតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ និងរួចរាល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណាយថវិកា ១៨០ ៦៥០ ដុល្លារអាម៉េរិក។ រោងទទួលភ្ញៀវមួយ មានបណ្ដោយ២២ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់៧ម៉ែត្រ ធ្វើពីបេតុងប្រក់ហ្វីប្រូស៊ីម៉ង់ត៍រចនាបទខ្មែរ ចំណាយថវិកា ៣ ៨៥០ ដុល្លារអាម៉េរិក។ ខ្ចុះលំហែកាយចំនួន៤ ចាប់ផ្ដើមកសាងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំណាយថវិកា ៦ ០០០ ដុល្លារអាម៉េរិក។ សមិទ្ឋផលទាំងបីខាងលើចំណាយថវិកាចំនួន ១៩០ ៥០០ ដុល្លារអាម៉េរិក បានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជននានា ពុទ្ធបរិស័ទ និងការរួមចំណែករបស់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានពាំនាំការផ្ដាំផ្ញើរសេចក្តីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ជូនចំពោះមន្ត្រីសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ និងជូនពរ ជ័យឆ្នាំថ្មី សិរីសួស្ដីឆ្នាំថ្មីដែលជិតមកដល់រយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ឯកឧត្ដមបានបន្ដថា ក្នុងនាមរដ្ឋបាលខេត្ត សូមអបអរសាទរសមិទ្ធផលជាផ្លែផ្កាក្នុងវត្តសាគរអូជ្រៅនេះដែលកើតឡើងពីការគិតគូរត្រឹមត្រូវ និងជឿជាក់ពីមន្ត្រីសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលបានចូលរួមជ្រោមជ្រែងគាំទ្រធ្វើការកសាងសមិទ្ធផលនេះ ទោះបីសមិទ្ធផលថ្មីៗនេះកើតឡើងក្នុងស្ថានភាពដែលប្រទេសរបស់យើងស្ថិតក្រោមការគំរាមកំហែងដោយជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែដោយការជឿទុកចិត្តពីព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទរួមចំណែកគាំទ្រទេចូលជាបច្ច័យកសាងសមិទ្ធផលបានច្រើនសន្ធឹកសន្ធាប់។ ឯកឧត្ដមអភិបាលខេត្ដបានវាយតម្លៃខ្ពស់ចំពោះចៅអធិការវត្ត គណៈកម្មការ អាចារ្យវត្ត ដែលបានចូលរួមពីសប្បុរសជនខ្មែរ និងបរទេស បានរួមគ្នាកសាងបង្កើតបានជាសមិទ្ធផលសម្រាប់ការគោរពបូជារបស់ពុទ្ធសាសនិកជនរបស់យើងនៅទីនេះ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានផ្ដល់នូវសុខដុមនីយកម្មយ៉ាងល្អប្រសើរ ដែលនៅតាមបណ្ដាប្រទេសមួយចំនួននៅមានបញ្ហាប្រឈមរវាងសាសនា និងសាសនា។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី យើងទាំងអស់គ្នា ទទួលបានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បើគ្មានសន្តិភាព យើងគ្មានឱកាសធ្វើការអភិវឌ្ឍនឹងគ្មានឱកាសសម្ពោធនូវសមិទ្ធ ផលដ៏ស្កឹមស្កៃនាពេលនេះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃជួយផ្សព្វផ្សាយ អប់រំដល់ពុទ្ធបរិស័ទអំពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាពព្រោះវាអាចជួយការពារគ្រោះថ្នាក់ឆក់យកអាយុជីវិត ស្របពេលប្រទេសជាតិមានសុខសន្តិភាព យើងមានការអភិវឌ្ឍរីកចម្រើន បែជាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ ទន្ទឹមនេះ ក្នុងដំណាក់ការកូវីដ១៩ សម្ដេចតេជោបានផ្ដល់ថវិកាឱ្យគណៈ កម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា រួមជាមួយរដ្ឋបាលខេត្ត ធ្វើការកសាងនូវសមិទ្ធ ផលជាប្រយោជន៍សាធារណៈរបស់យើង ជាប្រយោជន៍សម្រាប់សង្គមជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកែលម្អឆ្នេរសមុទ្រ ការកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ កសាងសង់បង្គន់ទឹកសាធារណ: ការកសាងរូបសំណាកដាក់នៅតាមទីតាំងដ៏មានសារ:សំ ខាន់នៅក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ និងអ្នកភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ កាន់តែច្រើននាពេលខាងមុខ៕
No comments:
Post a Comment