សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រឡងបាក់ឌុបនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះ មានមណ្ឌលប្រលងចំនួន ១២មណ្ឌល ស្មើ៣៥៧បន្ទប់ និងមានបេក្ខជនសរុប ៨,៨៣២នាក់ស្រី ៥,០៣៨នាក់ ។ ក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិន ១៥៧នាក់ ស្រី ៧១នាក់ និងបេក្ខជនបំពេញវិជ្ជាចំនួន ១៥៥នាក់ ស្រី៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០នាក់ ស្រី ៧៧នាក់ផងដែរ។លោកប្រធានមន្ទីរ បន្តថា ដោយឡែកនីតិវិធីនៅក្នុងដំណើរការប្រឡងខុសប្លែកពីឆ្នាំមុនៗ ដោយមានយន្តការនៅក្នុងការគាំទ្រការចូលរួមចំណែកទប់ស្កាត់អាការរីករាលដាលជំងឺកូវីដ-១៩ មានដូចជាការពិនិត្យអាការ: កម្តៅ និងការរិតបន្ដឹងបន្ដិចចំពោះបេក្ខជន ដែលបានមកមើលឈ្មោះហើយពិនិត្យកំដៅ ក្នុងករណី ដែលគាត់មិនមានអ្វីដែលខុសប្រក្រតីទេ បានន័យថា ពួកគាត់មានសុខភាពធម្មតាគឺអនុញ្គាតអោយចូលប្រលង ដោយមានបិទស្ទីកគ័រនៅលើប័ណ្ណសំគាល់ ក្នុងនោះដែរក៏មានការគាំទ្រពីមន្ទីរសុខាភិបាលខេត្ត ដោយមានរថយន្តសង្គ្រោះបន្ទាន់ចំនួន ៥គ្រឿង នៅតាមតំបន់នៅជិតមណ្ឌលប្រលងមួយៗផងដែរ។
ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យលក្ខខណ្ឌកំណត់ និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគោរព និងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិផ្ទុយនូវការណែនាំ និងលក្ខណ្ឌកំណត់ផ្សេងៗ។ ឯកឧត្តមបន្ដថា ការប្រឡងនេះ ត្រូវមានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរទាំងបេក្ខជន មកប្រឡងក៏ត្រូវប្រកាន់ឱ្យបានខ្ជាប់នូវវិន័យ និងគោរពពេលម៉ោងបានទៀងទាត់ផងដែរ។ ឯកឧត្តម ទៀ សីហា ក៏បានណែនាំ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងប្រឡងទាំងពីរភេទ ត្រូវយកចិត្តទុកដាក់ ទាំងអស់ត្រូវប្រឹងប្រែងទៅតាមសមត្ថភាព ដើម្បីឈានទៅទទួលលទ្ឋផលល្អនៅពេលប្រកាសលទ្ឋផល ដែលថា ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់បេក្ខជនម្នាក់ៗ ដែលបានសិក្សារៀនសូត្រ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។ ឯកឧត្ដម បានពន្យល់ដល់បេក្ខជនថា វិញ្ញាសារប្រឡងនេះ មិនមានការបែកធ្លាយឡើយពោលគឺសុវត្ថិភាព ព្រោះក្រសួងអប់រំ មានការគ្រប់គ្រងច្បាស់លាស់ មិនបានធ្វើឲ្យបែកធ្លាយឬមានបញ្ហាអ្វីចេញទៅក្រៅឡើយ។
សូមជម្រាបជូនថា ក្នុងពិធីបើកវិញ្ញាសារប្រឡង នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នៅគ្រប់មណ្ឌលប្រឡងទាំង១២ ផ្តល់កិត្តិយសបើកវិញ្ញាសារ ដោយ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួន, ឯកឧត្តម អភិបាលខេត្ត និងអភិបាលរងខេត្តទាំងអស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara
No comments:
Post a Comment