រដ្ឋបាលខេត្តសៀមរាប កំពុងត្រៀមរៀបចំកែលម្អសោភ័ណភាពក្នុងក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន(SMART CITY) ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ខណ:ពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ ! - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តសៀមរាប កំពុងត្រៀមរៀបចំកែលម្អសោភ័ណភាពក្នុងក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន(SMART CITY) ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ខណ:ពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ !


សៀមរាប៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការបើកទទួលទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត មានប្រសាសន៍ថា៖ដើម្បីឱ្យខេត្តសៀមរាប ស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា មានការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្ត នាពេលខាងមុខនេះ បានកាន់តែច្រើន បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងមន្ទីរ-អង្គភាពជំនាញ កំពុងជម្រុញ និងយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្នុងក្រុងឱ្យបានកាន់តែល្អប្រសើរ ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ប្រព័ន្ធបំភ្លឺសាធារណ: ការរៀបចំប្រព័ន្ធបណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ភ្លើងសញ្ញាចរាចរណ៍ កាមេរ៉ាសុវត្ថិភាព និងការដាំដើមឈើ ការរៀបចំសួនច្បារ ការដាក់ឈ្មោះផ្លូវ ការរៀបចំសណ្តាប់ធ្នាប់ សាធារណ: និងការរៀបចំកែលម្អនៅតាមតំបន់រមណីយដ្ឋានអង្គរ។

តាមរយ:ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប នឹងជំរុញដល់ការលើកកម្ពស់សោភ័ណភាពក្រុង បានរួមចំណែកយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តនេះ កាន់តែល្អប្រសើរថែមទៀត។ ជាពិសេសរដ្ឋបាលខេត្ត បានកំពុងសិក្សា និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន(SMART CITY) ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ការងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដើម្បីរៀបចំផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃក្រុងសៀមរាប ដោយផ្តោតទៅលើការដោះស្រាយនូវវិស័យចំនួន ៤គឺ ១.វិស័យទេសចរណ៍ឆ្លាតវៃ, ២.វិស័យចល័តឆ្លាតវៃ, ៣.វិស័យសន្តិសុខឆ្លាតវៃ និង៤.វិស័យគ្រប់គ្រងសំណល់ឆ្លាតវៃ។ឯកឧត្តម ទៀ សីហា បន្តថា៖ ដើម្បីជាឱកាសសម្រាប់ត្រៀមលក្ខណ:ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ រយ:ពេលវែង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨.៧៤ គីឡូម៉ែត្រ ប្រើប្រាស់កញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ១៥០ ដុល្លារអាមេរិក ដោយគិតត្រឹម ថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ សម្រេចបានលទ្ធផលចំនួន ៨៩.៣៩% និងគម្រោងការស្តារ-កែលម្អដងស្ទឹងសៀមរាប សម្រេចបានចំនួន ៦៦%។ ទន្ទឹមនឹងនេះ ដោយមានសំណើសុំពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម័្ពន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់គម្រោងចំនួន ២បន្ថែមទៀត ក្នុងគម្រោងខាងលើនេះ គឺ ១.ការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ចូលផ្ទះប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង២.ធ្វើចំណតរថយន្តតាមបណ្តោយផ្លូវជាតិលេខ៦ ដោយចាក់ជាបេតុង។

ជាមួយគ្នានេះដែរ ដោយមានគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល និងមានការយកចិតទុកដាក់ខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត គណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ-សង្កាត់ កងកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ រហូតមកដល់បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង និងអត្រានៃការស្លាប់ស្ថិតនៅកម្រិតទាបបំផុត ហើយអត្រា នៃប្រជាពលរដ្ឋនៅក្នុងខេត្ត និងអ្នកបម្រើការនៅតាមអាជីវកម្មទេសចរណ៍ និងប្រជាពលរដ្ឋក្នុងខេត្ត បានទទួលការចាក់វ៉ាក់សាំងសម្រេចបានរហូតដល់ប្រមាណ៩៦% នៃប្រជាជនសរុប ដែលនេះជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុតសម្រាប់ការត្រៀមទទួលភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ទៀ សីហា បានអះអាងថា៖ ក្រៅពីការរៀបចំកែលម្អសោភ័ណភាពហេដ្ឋារចនាសម័្ពន្ធផ្លូវ បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ បណ្តាញអគ្គិសនី បណ្តាញខ្សែកាប្លិ៍អុបទិក ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: នៅក្នុងក្រុងសៀមរាប និងនៅតំបន់រមណីយដ្ឋានអង្គរ រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា មន្ទីរ-អង្គភាពជំនាញ រដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រៀម និងរៀបចំគោលដៅទេសចរណ៍ថ្មីៗ និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធផ្លូវ ប្រព័ន្ធបណ្តាញអគ្គិសនី ប្រព័ន្ធបណ្តាញទឹកស្អាត...។ល។ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបង្កលក្ខណ:ងាយស្រួលសម្រាប់ភ្ញៀវទេសចរធ្វើដំណើរទៅទស្សនាកម្សាន្ត និងស្នាក់នៅសម្រាកលំហែកាយនៅតាមតំបន់រមនីយដ្ឋានទាំងនោះ នាពេលខាងមុខនេះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប​ សម្រួលផ្សាយដោយ៖ ដារ៉ា

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages