ភ្នំពេញ: ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រោយទទួលបានការព្រមានជាលើកដំបូងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចំពោះសហព័ន្ធប្រដាល់គុនខ្មែរ ដែលធ្វើឱ្យផ្ទុះប្រតិកម្មពីមហាជន នូវការវិនិច្ឆ័យមិនមានភាពយុត្តិធម៌, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ជូនជាថ្មីជុំវិញបញ្ហានេះថា «បទបញ្ជាការប្រកួតកីឡា គឺជាច្បាប់ ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវតែគោរព » ។
ដោយបានលើកឡើងនៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់យ៉ាងដូច្នេះថា «ចំពោះបទបញ្ជា គឺជាច្បាប់ការប្រកួត ដែលត្រូវគោរពជាទូទៅ ហើយអ្នកដែលរំលោភត្រូវតែទទួលរងពិន័យ។ ជាក់ស្តែងដូចជាប្រភេទកីឡាប្រយុទ្ធនេះ បើកាលណាកីឡាករប្រើស្នៀតប្រយុទ្ធមិនស្របតាមលក្ខណៈបច្ចេកទេស គឺត្រូវឱ្យចាញ់ដោយស្វ័យប្រវត្តិ។ នៅក្នុងការប្រកួតរបស់កីឡា ត្រូវមានបទបញ្ជាមានប្រភពច្បាស់លាស់ អត់មានបទបញ្ជាយកទៅអនុវត្តន៍ដោយអត់ស្តង់ដារទេ ព្រោះបទបញ្ជាការប្រកួតរបស់កីឡាមានស្ដង់ដារដោយត្រូវគោរពទាំងអស់គ្នា។ បញ្ជាការប្រកួតកីឡា គឺមានស្តង់ដារអន្តរជាតិ ហើយការចែងចែកបទបញ្ជា គឺអ្នកពាក់ព័ន្ធគ្រប់រូបត្រូវតែគោរព ហើយបើគេយកទៅរៀបចំការប្រកួតលក្ខណៈឯកជន ក៏ត្រូវគោរពដូចគ្នា»។
ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា តាមការណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា គឺបានចាប់អារម្មណ៍ និងបានចាត់វិធានការភ្លាមៗ ចំពោះប្រតិកម្មរបស់ប្រជាជន ក៏ដូចជាប្រតិកម្មរបស់ថ្នាក់ដឹកនាំកំពូលទៅលើភាពមិនប្រក្រតី នៃការប្រកួតកីឡានៅលើសង្វៀនឯកជនថ្មីៗនេះ។ បើទោះបីនេះជាការប្រកួតមិនផ្លូវការរបស់ចលនាកីឡានៃការគ្រប់គ្រងកីឡាករ ដែលជាការប្រកួតដណ្ដើមលាភសក្ការៈ នៃអាជីវកម្ម មិនមែនជាការប្រកួតដណ្តើមឧត្តមបច្ចេកទេសក៏ពិតមែន ប៉ុន្តែត្រូវតែគោរពឱ្យបាននូវបទបញ្ជាការប្រកួតជារួមដូចៗគ្នា។
ក្នុងនាមគណៈកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យចេញជាសេចក្ដីប្រកាសព្រមានលើកទី១ ហើយក្រោយពីព្រមានលើកទី១នេះហើយ បើមានលើកទី២ ឬទី៣ទៀត នឹងត្រូវព្យួរសមាជិកភាពតែម្តង ដោយសារតែសហព័ន្ធកីឡាជាតិទាំងអស់ គឺជាសមាជិកភាពនៅក្នុងអូឡាំពិក ទើបសហព័ន្ធកីឡាជាតិទាំងអស់អាចចេញទៅចូលរួមប្រកួតក្រៅប្រទេសបានជាអន្តរជាតិ។ បើក្នុងករណីបាត់បង់សមាជិកភាព គឺសហព័ន្ធនោះមិនមានសិទ្ធិ ក្នុងការរៀបចំការប្រកួតនោះទេ ហើយការដកសិទ្ធិជាសមាជិកភាពនេះ គឺសំខាន់ណាស់ ដែល NOCC ជំរុញឱ្យសហព័ន្ធជាតិនានា ជាពិសេសគឺសហព័ន្ធប្រដាល់គុនខ្មែរនេះត្រូវតែកែទម្រង់ជាចាំបាច់ នៅក្នុងការគ្រប់គ្រងលក្ខណៈវិនិច្ឆ័យបច្ចេកទេសរបស់ខ្លួន នៅក្នុងពេលប្រកួត ទោះបីជាប្រកួតក្រៅក្របខ័ណ្ឌ នៃការគ្រប់គ្រងរបស់អូឡាំពិក ប៉ុន្តែសហព័ន្ធទាំងអស់គឺជាសមាជិកអូឡាំពិក។ ដូច្នេះសហព័ន្ធត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រូវតែគោរពឆន្ទៈ និងស្មារតីរបស់កីឡា គឺយុត្តិធម៌ ដោយមិនអាចរំលោភទៅលើបទបញ្ជាការប្រកួតដោយ សារតែភាពលម្អៀង ដោយសារការឧបត្ថម្ភគាំទ្របានទេ។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ចំណុចនេះអ្នកឧបត្ថម្ភគាំទ្រក៏ត្រូវតែយល់ ហើយត្រូវតែគោរពច្បាប់កីឡាដូចគ្នា បើអ្នកឧបត្ថម្ភមិនគោរពបទបញ្ជាការប្រកួតនេះទេ កុំមកឧបត្ថម្ភកីឡា ដែលវាមិនជួយដល់កីឡាទេ ហើយវាបែរទៅជាជួយទម្លាក់នូវកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ទម្លាក់នូវការខិតខំប្រឹងប្រែងរបស់កីឡាករ ធ្វើឱ្យកីឡាករបាត់ទំនុកចិត្ត ទៅលើក្រុមហ៊ុនផង បាត់ទំនុកចិត្តលើការដឹកនាំចលនាកីឡាផង។ ជាចុងក្រោយ គឺគណៈកម្មការជាតិអូឡាំពិកកម្ពុជាមានតែសំណូមពរហើយសំណូមពរទៀតថា ឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កែទម្រង់ឡើងវិញ ហើយប្រជុំគ្នាដឹកនាំឆ្ពោះទៅរកការគោរពសិទ្ធិនៃកីឡាករ កីឡាការិនី គោរពសិទ្ធិនៃឆន្ទៈរបស់ប្រជាជន ដែលជាអ្នកគាំទ្រឱ្យបានគត់មត់ ដោយគណៈកម្មការវិនិច្ឆ័យត្រូវតែចង្អុលឱ្យច្បាស់លាស់ ហើយត្រូវតែចៀសវាងនូវការរំលោភបែបនេះជាបន្តទៀត ៕
No comments:
Post a Comment