ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង ។
ឯកឧត្តមឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរខណ្ឌ បន្តចុះត្រួតពិនិត្យ រឹតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយផ្សេងៗទៀត។ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ តាមរយ:ប្រព័ន្ធVideo នាល្ងាច ថ្ងៃទី២០ ខែកក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការព្យាបាលតាមផ្ទះជាជម្រើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមក្នុងការព្យាបាលតាមផ្ទះនេះកាន់តែច្រើនឡើង។
ឯកឧត្តម បានបញ្ជាក់ថា ចំពោះខណ្ឌនីមួយៗ ត្រូវបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជា
ពលរដ្ឋ ពេលមានបញ្ហាអ្វីមួយ ហើយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺ នៅពេលមានបញ្ហាអ្វីយើងអាចជួយបានទាន់ពេលវេលា មិនគ្រោះថ្នាក់ដល់អាយុជីវីត។
ក្នុងកិច្ចប្រជុំនោះដែរ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពន្យល់ថា ចំពោះអ្នកដែលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ហើយស្ម័គ្រចិត្តព្យាបាលតាមផ្ទះ ត្រូវព្យាបាលឱ្យបាន១៣ថ្ងៃ ។ក្នុងថ្ងៃទី១៣នេះ គ្រូពេទ្យត្រូវទៅយកសំណាកបន្តទៀត ។ នៅពេលពិនិត្យយកសំណាកនោះ បើទោះបីជារកឃើញឬរកមិនឃើញជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវតែបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត មិនអាចចេញក្រៅបានទេ៕
No comments:
Post a Comment