(កំពត)៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ ជាពិសេសអាគារសិក្សា គឺជាតម្រូវការចាំបាច់របស់សិស្សានុសិស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការខ្វះខាត។ ដើម្បីឆ្លើយតបតម្រូវការចាំបាច់នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានផ្ដល់អំណោយអាគាសិក្សាមួយខ្នងកម្ពស់ពីរជាន់ ស្មើនឹង ១០បន្ទប់ ជូនដល់សាលាបឋមសិក្សាហ៊ុន សែន វត្តត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និងត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា ដំណើរការសាងសង់កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមវត្តមានអញ្ជើញជាអធិបតីឯកឧត្តមឧត្តមសេនីយ៍ឯក យឹម ប៊ុនធឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាតំណាងឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តនិងអាជ្ញាធរមូលដ្ឋាន ព្រះសង្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋផងដែរ។
មានមតិសំណេះសំណាល ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម ប៊ុនធឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនចំពោះព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់អ្នកឱកាសនោះ ដែលជានិច្ចកាលសម្ដេចតេជោ តែងតែបានយកចិត្តទុកដាក់ សុខទុក្ខលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋានបានរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមយឹម ប៊ុនធឿនបានបញ្ជាក់ថាគោលនយោបាយរាជរដ្ឋាភិបាលតែងបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដោយបានចាត់ទុកវិស័យអប់រំគឺជាវិស័យអាទិភាពក្នុងចំណោមវិស័យផ្សេងៗមួយចំនួនទៀត។ដូច្នេះអាគារសិក្សាមួយខ្នងដែលបានចាប់ផ្តើមសាងសង់នាពេលនេះ គឺជាការរួមចំណែកគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោហ៊ុនសែនជាប្រមុខ។ ពិសេសការជួយសម្រួលដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏ជាប្រយោជន៍សម្រាប់បំរើដល់ការអប់រំ មនុស្សជំនាន់ក្រោយផងដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចាត់ទុកអគារសិក្សាមួយខ្នងនេះក្រោយពីសាងសង់រួចរាល់ នឹងក្លាយជា សមទ្ធិផលថ្មីមួយបន្ថែមទៀតសម្រាប់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឲ្យបានសមរម្យ ។ដូច្នេះសូមផ្ដាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សានូវសមទ្ធិផលនានាក្នុងមូលដ្ឋាន ពិសេសអាគារសិក្សាដែល ចាប់ផ្ដើមដំណើរការសាងសង់នៅពេលនេះអោយបានគង់វង្សយូរអង្វែង សម្រាប់ទុកទីកន្លែងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយអោយទទួលបានចំណេះដឹងខ្ពង់ខ្ពស់ក្នុងកិច្ចដំណើរការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
No comments:
Post a Comment