កែប៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនានិងជួសជុលលូរំដោះទឹក ៣កន្លែង មានលូមូលទទឹងផ្លូវប្រវែង២៥ម៉ែត្រ លូមូលបណ្តោយផ្លូវប្រវែង ៤៦០ម៉ែត្រ និងលូជ្រុង កម្ពស់ ២ម៉ែត្រ និងបណ្តោយ ២៥ម៉ែត្រ ស្ថិតនៅភូមិកែវក្រសាំង ក្រុងកែប ខេត្តកែប និងប្រឡាយបេតុងមានគម្របទំហំ(១,០០០*១,៨៥០) ប្រវែង ១៣៣ម៉ែត្រ លើកំណត់ផ្លូវ៣៣A មានទីតាំងពយព្រះរាជដំណាក់ ។ កែបជាខេត្តមានសក្កានុពលខាងវិស័យទេសចរណ៍ មានទាំង កោះ ភ្នំ សមុទ្រ និងសម្បូរដោយធនធានធម្មជាតិ និងជីវៈចម្រុះ ។ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកែប ឱ្យមានភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែក្នុងខេត្តកាន់តែច្រើន និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរនោះ ថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជាអភិបាលខេត្ត និងមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ខេត្តកែបឱ្យកាន់តែមានការ រីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយឡែកថ្ងៃនេះ ខេត្តកែប បានស្ថាបនាជួសជុលពង្រីកប្រព័ន្ធលូរំដោះទឹក និងប្រឡាយបេតុងមានគម្រប បន្ថែមទៀត។
បើតាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងទាំង ២នេះ បានចាប់ផ្តើមស្ថាបនា និងជួសជុល ពីខែមីនា ឆ្នាំ២០២២ មកដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ គឺសម្រេចបាន ៥៤%នៃផែនការហើយ។
ការចុះពិនិត្យទីតាំងនៃគម្រោងទាំង ២នៅពេលនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងទាំង២ ដែលមានលូរំដោះទឹកភ្លៀង និងប្រឡាយបេតុងមានគម្របនេះ នឹងជួយដោះស្រាយបញ្ហាការកកស្ទះកាកសំណល់រាវ និងជំនន់ទឹកភ្លៀង នៅតាមបណ្តោយ ផ្លូវជាតិលេខ៣៣A ដែលកន្លងមកក្នុងរដូវវស្សាគឺមានបញ្ហាជំនន់ទឹកភ្លៀង ដោយសារការស្ទះលូ និងលូមានទំហំតូច។ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវពន្លឿនការជួសជុលឱ្យបានលឿន មុនរដូវភ្លៀងចូលមកដល់ ធ្វើយ៉ាងណាការពារកុំឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវធ្វើតាមស្ដង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់ឱ្យបានយូរអង្វែង៕មន្ទីរព័ត៌មានខេត្តកែប:សម្រួលដោយ:dara
No comments:
Post a Comment