(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីត្រូវប្រឈមមុខនឹង ឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្ត ដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែឈររឹងមាំជាមួយនឹងការ គាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភ ពីប្រទេសជាមិត្តជិតឆ្ងាយទាំងឡាយ រាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីមីទ្ទិញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅថ្ងៃទី២៨ ខែមិថុនានេះ នាវិមាន៧មករា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាល ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាល ប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។
សម្តេចតេជោបានរំលឹកថា ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បី ប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិ សេរីភាពដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា ប្រកបដោយពន្លឺ និងក្តីសង្ឃឹម។
សម្តេចបន្ថែមថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរធំៗ ជាវិជ្ជមានប្រកប ដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព ក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យ កម្ពុជាចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេច នូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានា ទាំងក្របខណ្ឌតំបន់ និង សកល។
បច្ចុប្បន្នប្រជាជនកំពុងរស់នៅ ប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុត ដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។
និយាយរួមមករាល់សមិទ្ធផលដែលគណបក្ស បានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹម ត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធាន មនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀប របបធ្វើការងារត្រឹមត្រូវ។ ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិយើងបានជួបប្រទះពីអតីត កាលនោះឡើយ។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់របស់គណបក្ស ត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិតែមួយ ដើម្បីរក្សា ឱ្យបាននូវសមិទ្ធផលធំៗ ដែលសម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។
សម្តេចជំរុញឲ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូបត្រូវបង្កើន ការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រម នានានៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច៕
No comments:
Post a Comment