(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២២ គឺជាទិវាមួយប្រកបដោយមហានក្ខិតិឬក្ស ដែលថ្នាក់ដឹកនាំកំពូល របស់ជាតិ,មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់, ព្រះសង្ឃ និងប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស មានសេចក្តីរីករាយយ៉ាងក្រៃលែង ចូលរួមអបអសាទរយ៉ាងក្លៀវក្លា ការប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងគំរប់ព្រះជន្ម ៨៦យាងចូល៨៧ ព្រះវស្សា។
ឆ្នាំនេះទោះបី មិនបានអញ្ជើញប្រារព្ធពិធីផ្ទាល់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្តី តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងរបស់សម្តេច នាំយកទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យ ទៅវេរថ្វាយ-ប្រគេន ព្រះសង្ឃចំនួន១៣វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីជាកិច្ចថ្វាយព្រះរាជកុសល ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាព្រះអង្គ។
ពិធីនេះបានប្រព្រឹត្តទៅព្រមៗគ្នា នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះគណៈប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន៦ក្រុម សម្រាប់ទីអារាម ព្រះពុទ្ធសាសនាទាំង១៣ ដែលទទួលបានទេយ្យទាន សម្ភារៈបរិក្ខារ និងបច្ច័យ ជាសទ្ធាជ្រះថ្លា របស់កាកបាទក្រហមកម្ពុជា នាថ្ងៃដ៏វិសេសវិសានេះ រួមមាន៖ វត្តឧណ្ណាលោម ដែលយាងទទួលដោយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តឧណ្ណាលោម ដែលអញ្ជើញនាំយកទេយ្យទាន សម្ភារៈបរិក្ខារ និងបច្ច័យ ទៅវេរថ្វាយដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
វត្តបុទុមវតីរាជវរារាម យាងទទួលដោយ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តបុទុមវតីរាជវរារាម យាងនិងនិមន្តទទួលដោយសម្តេច ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នុន្ទង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តបទុមវតីរាជវរារាម និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និងជាអគ្គលេខាធិការរងថេរសភានៃព្រះពុទ្ធសាសនា។
ទីអារាមទាំងពីរនេះ អញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារទៅថ្វាយដោយ លោកស្រី ពេជសោភ័ន។ សម្រាប់វត្តមុន្នីសុវណ្ណ ហៅចំពុះក្អែក និមន្តទទួលដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១នៃកម្ពុជា ព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) និងអញ្ជើញនាំយកទេយ្យទាន សម្ភារៈនិងបច្ច័យ ទៅវេរប្រគេន ដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា។
វត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និមន្តទទួលដោយសម្តេចព្រះមង្គលទេព្វាចារ្យវង្សអានេតា ព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះមេគណ (គណៈធម្មយុត្តិកនិកាយ) ខេត្តកណ្តាល និងអញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យទៅវេរប្រគេនដោយ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយ កាកបាទក្រហមកម្ពុជា។ វត្តចន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និមន្តទទួលដោយសម្តេចព្រះវនរ័ត្នកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ ព្រះអនុប្រធានអចិន្ត្រែយ៍ ថេរសភានៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តចន្ទបុរីវង្ស និងវត្តមុន្នីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និមន្តទទួលដោយ សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី៣ ព្រះអនុប្រធាន និងជាអគ្គលេខាធិការ ថេរសភានៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តមុន្នីប្រសិទ្ធីវង្ស ដែលវត្តទាំងពីនេះ អញ្ជើញនាំទេយ្យទានសម្ភារៈ បរិក្ខារ និងបច្ច័យ ទៅវេរប្រគេនដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា។
វត្តមហានន្ទិយនេរញ្ចរារាននិវេទ ហៅវត្តព្រែកប្រាំង ស្ថិតក្នុងឃុំវិហារហ្លួង ស្រុកពញឮ ខេត្តកណ្តាល និមន្តទទួលដោយ សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា និងជាសម្តេចព្រះចៅអធិការវត្តព្រែកប្រាំង និងអញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនដោយ លោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋាន ទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងលោកស្រី សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា។ វត្តវិមានតេជះ ហៅវត្ដស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និមន្តទទួលដោយ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងជាសម្តេច ព្រះចៅអធិការ វត្តវិមានតេជះ និងអញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនដោយលោកស្រី ពុំ ចន្ទីនី។
វត្តមង្គលវ័ន (ហៅវត្តស្វាយដង្គំ) ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និមន្តទទួលដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរង ថេរសភា នៃព្រះពុទ្ធសាសនា និងអញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យទៅវេរប្រគេនដោយលោកស្រី ម៉ែន នារីសោភ័គ។ វត្តសុវណ្ណវ៉ារី ហៅវត្តព្រែកតាទែន ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល និមន្តទទួលដោយ សម្តេចព្រះឧត្តមមុន្នី ជា សំអាង សមាជិក ថេរសភានៃព្រះពុទ្ធសាសនា ព្រះមេគណខេត្តកណ្តាល និងជាសម្តេច ព្រះចៅអធិការវត្ត សុណ្ណវ៉ារី និងអញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យ ទៅវេប្រគេនដោយ លោកស្រី ហួន ចន្ទបូរ៉ា និងលោកស្រី សោម សេរីវឌ្ឍន៍។
វត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និមន្តទទួលដោយ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនា និងជាសម្តេច ព្រះចៅអធិកាវត្តសុវណ្ណមុនីសាគរ និងអញ្ជើញនាំយកទេយ្យទាន សម្ភារៈបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនដោយលោកស្រី ពុំ ចន្ទីនី។ វត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និមន្តទទួលដោយ ព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូត្រស្តាំ វត្តលង្កាព្រះកុសុមារាម តំណាងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល និងអញ្ជើញនាំទេយ្យទាន សម្ភារៈបរិក្ខា និងបច្ច័យ ទៅវេរប្រគេន ដោយ លោកស្រី ពេជ សោភ័ន។ ទេយ្យទានជាសទ្ធាជ្រះថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលចាត់តំណាងនាំមក ថ្វាយ-ប្រគេន ព្រះសង្ឃទាំង១៣វត្ត នាថ្ងៃនេះ គឺវត្តនីមួយៗទទួលបាន៖ អង្ករ២តោន, មី៣០កេស, ត្រីខ ៣កេស, ស្ករស
២៥គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកដោះគោខាប់ ១កេស,កាហ្វេកញ្ចប់ ២កេស ,អូរវ៉ាន់ទីន ២កេស, ទឹកក្រូច និងទឹកផ្លែឈើ ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែឈើស្រស់ ២កន្ត្រក, ផ្កាស្រស់ ២កន្ត្រក និងបច្ច័យចំនួន ១០លានរៀល។ ដោយឡែកសម្រាប់ សម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ, សម្តេចព្រះសង្ឃនាយក, សម្តេចព្រះសង្ឃនាយករង, សម្តេចព្រះ មហាត្ថេរនិងព្រះរាជាគណៈសរុបចំនួន១៤ព្រះអង្គ ក្នុង១ព្រះអង្គ បវរណាថ្វាយ-ប្រគេននូវសាដក១, ចង្ហាន់១ស្រាក់, បង្អែម១កាតូ និងបច្ច័យចំនួន១លានរៀល។ ប្រគេនព្រះសង្ឃគង់អមទាំង១៣វត្ត សរុប៥១អង្គទៀត ក្នុង១អង្គៗសាដក១, ចង្ហាន់១ស្រាក់ បង្អែម ១កាតូ និង បច្ច័យ២០ម៉ឺនរៀល។ ជូនលោកតាអាចារ្យ ធ្វើកិច្ច២៦នាក់ដោយម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ មនុញ្ញផលដែលកើតមានក្នុងពេលនេះ ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់ សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធ អតីតព្រះប្រធាន និងប្រធាន កាកបាទក្រហមកម្ពុជា ដែលបានសោយទិវង្គត់ និងបូជាអាយុជីវិត ក្នុងបុព្វហេតុបំរើវិស័យមនុស្សធម៌ ក្នុងរយៈកាលកន្លង ទៅក៏ដូចជាវិញ្ញាណក្ខ័ន្ធ
សមាជិកសមាជិកា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបាត់បង់ជីវិតក្នុងបុព្វហេតុមនុស្សធម៌ សូមឲ្យព្រះវិញ្ញាណក្ខ័ន្ធ និងវិញ្ញាណក្ខ័ន្ធទាំងអស់ បានទៅសោយសុខក្នុងសុគតិភពជាឋានបរមសុខតរៀងទៅ។ ជាមួយគ្នានេះដែរ កុសលផលបុណ្យ កើតមានក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យបូរណភាព ទឹកដីនិងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ យាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងបានសោយព្រះបរមសុខ ក្នុងព្រះសុគតិភព ជារៀងដ៏រាបតទៅ។ សូមលើកថ្វាយចំពោះវត្ថុសក្តិ សិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រព្រះតេជៈបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមជួយអភិបាល គ្រងរក្សា និងប្រោះប្រទាន នូវព្រះពរជ័យបវរ មហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសថ្វាយសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពដ៏បរិបូរណ៍ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោនតរៀងទៅ។ សូមបញ្ជាក់ដែរថា ស្របគ្នាជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលអញ្ជើញនាំយកទេយ្យទានសម្ភារៈបរិក្ខារ និងបច្ច័យទៅវេរថ្វាយ-ប្រគេនព្រះសង្ឃទាំង១៣វត្តនេះ ដោយឡែក សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន២៤ទៀត លើកលែងសាខារាជធានីភ្នំពេញ ចូលរួមជាមួយថ្នាក់កណ្តាល ក៏បានប្រារព្ធ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហម
កម្ពុជា តាមលទ្ធភាពនៃសាខានីមួយៗផងដែរ។ ស្ថិតក្នុងទិវាប្រកបដោយមហានខិត្តឬក្ស ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សានេះ ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជា, អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី/ខេត្ត សូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរ ថ្វាយសម្តេចម៉ែ សម្តេចយាយ, សម្តេចយាយទួត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះរាជ សុខភាពបរិបូណ៌ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ
ចៅទួត របស់ព្រះអង្គជាដរាបតរៀងទៅ។ ព្រះរាជវត្តមាន គង់ប្រថាប់ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា របស់សម្តេចម៉ែ, សម្តេចយាយ, សម្តេចយាយទួត គឺជាគ្រឹះសរសរស្ដម្ភ ដ៏រឹងមាំនៃសកម្មភាព ដ៏ក្លៀវក្លា ក្នុងចលនាមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ក្នុងការជួយសង្គ្រោះជន ដែលងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា គឺមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រិត្យភាព, ឯករាជ្យភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាពឲ្យសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ លើបេសកកម្មមនុស្សធម៌ ជាប្រវត្តិសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ជាប្រវត្តិសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
No comments:
Post a Comment