សួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ ឃុំគោគចក ក្រុងសៀមរាប ពោលគឺនៅក្នុងតំបន់អង្គរតែម្តង។ បើយោងតាមការឱ្យដឹង ពីមន្រ្តីអាជ្ញាធរជាតិអប្សរានៅទីនោះថា សួនរុក្ខជាតិអង្គរ មានទំហំផ្ទៃដីប្រមាណជិត ១៥ហិកតា ដោយមានរៀបចំជាសួនសំខាន់ៗជាច្រើន តាមរយៈការដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗរាប់ម៉ឺនដើម ពោលគឺមានប្រភេទរុក្ខជាតិសរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។ នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន៥សួន បានបង្កើតឡើងក្នុងរចនាបថបែបខ្មែរ រួមមាន៖ សួនឱសថ និងគ្រឿងទេស, សួនផ្កាស្មៅ និងផ្កាចម្រុះ, សួនអំបូរត្នោត, សួនលំនៅឋានខ្មែរ, សួនព្រៃឈើ និងសត្វព្រៃអង្គរជាដើម ។ ដោយសួនទាំងនោះ មានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវ។ ការបង្កើតឱ្យមានសួនរុក្ខជាតិអង្គរនេះដែរ ក៏ដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរ ផងដែរ៕ ដោយហង្ស សៀក សម្រួលផ្សាយដោយ៖ dara




No comments:
Post a Comment