(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៦ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានដាក់ចេញនូវការណែនាំ ចំនួន៦ចំណុចដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលទទួលបានការបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់ថា បច្ចុប្បន្នដើម្បីឲ្យភ្នាក់ងារឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវមានសមត្ថភាព ចំពោះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ត្រូវ៖
*ទី១៖ ត្រូវមានឥរិយាបថក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវ ក្រោយទទួលការបណ្តុះបណ្តាល ជំនាញពីគ្រូឧទ្ទេសនាមដែលមានបទពិសោធន៍ជាមន្ត្រីនគរបាលយុត្តិធម៌ និងជាថ្នាក់ដឹកនាំនគរបាលជាតិ
*ទី២៖ គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់
*ទី៣៖ ភ្នាក់ងារសន្តិសុខឯកជន មិនមែនត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬគ្រឹះស្ថាននានាតែប៉ុណ្ណោះទេ គឺមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋផងដែរ
*ទី៤៖ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
*ទី៥៖ រួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
*ទី៦៖ ភ្នាក់ងារសន្តិសុខឯកជន ពិសេសនូវគោលដៅ កាស៊ីណូ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងតំបន់សេដ្ឋកិច្ចពិសេស ត្រូវមានការហ្វឹកហាត់ជំនាញ បង្ការ និងពន្លត់អគ្គីភ័យ និងកិច្ចការងារតាមដានត្រួតពិនិត្យជនសង្ស័យ ដែលមានបំណងចង់ប្រព្រឹត្តបទល្មើសនៅគោលដៅរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាប់ជាប្រចាំ។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៣៦លើក មាននាយ នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន១២១នាក់ (ស្រី០៦នាក់) និងសិក្ខាកាមសរុបចំនួន ៦,៤០៨នាក់។
លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕
No comments:
Post a Comment