(ខេត្តកំពង់ធំ): ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២ ២ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៨៥ប័ណ្ណ រៀបចំដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តស្ថិតភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ។
ថ្លែងក្នុងពិធីនោះដែរឯកឧត្តម ងួន រតនៈ បានលើកឡើងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះ សូមរក្សាទុកដាក់ឱ្យបានល្អ ដែលជាវត្ថុមានតម្លៃ សម្រាប់យកទៅ ដាក់បញ្ចាំធានា ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញ ឬធ្វើអំណោយ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកាត់ ឆ្វៀលដីពីតំបន់២ មកតំបន់១ ជូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង និងផ្តល់ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិ ត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវ ដោយរដ្ឋ មិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ ។
ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ ចំពោះលោកមេឃុំ លោកអភិបាលស្រុក និងថ្នាក់ដឹកនាំស្រុក ជាពិសេសមន្ត្រីជំនាញសូរិយោដីខេត្ត ដែលបានខិតខំផ្ដល់នូវសេវាដីធ្លីនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងទាមទារឱ្យម្ចាស់ដី មានការចូលរួមនិងសហការជាមួយអាជ្ញាធរនិងមន្ត្រីជំនាញដើម្បីឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះប្រព្រឹត្តទៅដោយរលូន នឹងទទួលបានលទ្ធផលល្អ ។
ទន្ទឹមនិងនោះដែរ ឯកឧត្តមអភិបានខេត្ត ក៏បានសំណូមពរសូមបងប្អូនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ចុងក្រោយ ប្រជាពលរដ្ឋបានអបអរសាទរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឲ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការរស់នៅនិងអាស្រ័យផល និងមិនភ័យខ្លាចមានជនណាម្នាក់មករំលោភបំពានបានទៀតទេ ៕
No comments:
Post a Comment