ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើរាយការណ៍សកម្មភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនៅក្នុងឆ្នាំ២០២១កន្លងទៅ និងលើកផែនការទិសដៅសំខាន់ៗសម្រាប់អនុវត្តន៍បន្តនាឆ្នាំ២០២២នេះ។
លោក ម៉ៅ ឌុង បានគូសបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍កាលពីឆ្នាំ២០២១ កន្លងទៅ បានធ្វើឲ្យមានការរាំងស្ទះ ឬពន្យានូវកិច្ចការងារមួយចំនួន ក៏ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រេចបាននូវកិច្ចការដែលបានដាក់ចេញ និងបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសសម្រាប់ឆ្នាំ២០២២ នឹងបន្តបេសកម្មរបស់ខ្លួនលើគ្រប់វិស័យ ចូលរួមជួយការងារសង្គមឲ្យកាន់តែទ្វេឡើងបន្ថែមទៀត។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម សាយ សំអាល់ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិកាស.ស.យ.កទូទាំងខេត្តត្បូងឃ្មុំ សម្រេចបាន និងទិសដៅការងារបន្ត។
ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងនូវសារៈសំខាន់នៃសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលនាំឱ្យយុវជនទទួលបានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្ដល់ជាអនុសាសន៍ណែនាំឲ្យ សមាជិក សមាជិកា ខិតខំបន្ដពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍ធនធានមនុស្សទាំងចំណេះដឹង និងជំនាញដល់យុវជនជំនាន់ក្រោយ។
ក្នុងឳកាសនោះ គណៈអធិបតីបានផ្តល់លិខិតសរសើរដល់សប្បុរសជន ដែលបានចូលរួមជួយឧបត្តម្ភថវិកា សម្ភាៈ ជួយទ្រទ្រង់បេសកម្មការងារ និងស.ស.យ.ក ក្រុង-ស្រុក ដែលខិតខំក្នុងសកម្មភពការងារនៅតាមមូលដ្ឋាន ក៏ដូចជាថតរូបអនុស្សាវរីយ៍ជាមួយសមាជិកសមាជិកាទាំងអស់ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រួលផ្សាយដោយ៖ dara
No comments:
Post a Comment