ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់ថាៈ សាលាហ្វឹកហ្វឺន គឺថ្នាលបណ្តុះបណ្តាល ធនធានមនុស្ស ដ៏មានសារៈសំខាន់ សម្រាប់កងទ័ព ក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយត្រូវការជាចាំបាច់ នូវធាតុផ្សំសំខាន់ៗ ពីរ៖ (១) គឺជាធាតុរឹង សំដៅលើហេដ្ឋា រចនាសម្ព័ន្ធ និងគ្រឿងបំពាក់នានា និង (២) គឺជាធាតុទន់ ហើយជាធាតុចាំបាច់ ជាទីបំផុត ព្រោះសំដៅទៅលើ គុណភាពនៃកម្មវិធីសិក្សា, សមត្ថភាព របស់យោធាចារ្យ និងគុណភាពរបស់ គណៈគ្រប់គ្រង ប្រកបដោយ ភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហើយមានវិន័យតឹងរឹង ក៏ដូចជា គុណភាពនៃ សិក្ខាកាម ដែលចូលរួមវគ្គហ្វឹកហ្វឺន ដើម្បី ក្រេបជញ្ជក់ នូវចំណេះដឹង យកទៅបម្រើអង្គភាព និងជាផលដល់ អនាគតផ្ទាល់ខ្លួន។
ការបញ្ជាក់បែបនេះរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងពិធីប្រកាស តែងតាំងផ្លាស់ប្តូរ មុខតំណែង ជូននាយទាហាន កងទ័ពជើងគោក នៃ កងយោធពលខេមរភូមិន្ទ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួម ជួយកសាង លើកកម្ពស់ថ្នាល បណ្តុះបណ្តាល ធនធានមនុស្សរបស់យើង ឲ្យកាន់តែរឹងមាំ រីកចម្រើន ហើយធានាបាននូវ គុណភាពនៃបរិមាណ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះ បណ្តាល នីមួយៗ ហើយបន្សល់ជាកេរដំណែល យូរឆ្នាំ ដល់កូនចៅជំនាន់ក្រោយៗទៀត។
លោកក៏បានអបអរសាទរ និងជូនពរ ដល់នាយទាហាន ដែលទទួលភារកិច្ចថ្មី ក្នុងការដឹកនាំ អង្គភាព ឱ្យកាន់តែមានភាពជោគជ័យ ដែលជាការចូលរួមចំណែក ក្នុងការជួយកសាង ភាពរឹងមាំរបស់កងទ័ព ហើយក៏ជាការផ្តល់ នូវទំនុកចិត្ត និងឱកាសដល់ នាយទាហាន ក្នុងការចូលរួមដឹកនាំ ពង្រឹងស្ថាប័ន-កងឯកភាព ក្រោមការទទួលខុសត្រូវ ឱ្យបានរឹងមាំ និងរីកចម្រើន ធានាបាននូវសមត្ថភាព ពេញលេញ ក្នុងការបំពេញភារកិច្ច បម្រើប្រជាជន និងការពារជាតិ មាតុភូមិរបស់យើង។ ម្យ៉ាងវិញទៀត នេះក៏ជាការទទួលបាននូវឱកាស ក្នុងការបង្កើតស្នាដៃ សម្រាប់ឱ្យអ្នកជំនាន់ក្រោយ មានការចងចាំ និងដើម្បីបង្ហាញ សមត្ថភាពដឹកនាំការងារ ទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលជាបច្ច័យមួយយ៉ាងល្អ ក្នុងការអភិវឌ្ឍ អាជីពការងារ បន្តទៅទៀត។ ដូច្នេះហើយ សូមរក្សានូវសាមគ្គីភាព និងសតិអារម្មណ៍ផ្ទៃក្នុង អង្គភាពឱ្យបានល្អ ហើយចងចាំថា សន្តិភាពផ្ទៃក្នុង ជាកត្តាចាំបាច់ ណាស់ ក្នុងការកសាងស្ថាប័ន-អង្គភាព ឈានទៅកាន់វឌ្ឍនភាព។
មេបញ្ជាការកងទ័ពជើងគោក ក៏បានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារ ជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ និងគិតគូរអំពី សុខទុក្ខរបស់កងទ័ពយើង ព្រមទាំងបាននិងបន្ត ផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយ ជីវភាព កងទ័ព ឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះដែរ សូមកោតសរសើរ និងថ្លែងអំណរ គុណ ស្ថាប័ន-អង្គភាពសម្ព័ន្ធមេត្រីភាព, បណ្តាក្រសួង-ស្ថាប័នជាតិ, កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់ នូវកិច្ចសហការស្អិតរមួត និងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រ ដល់មជ្ឈមណ្ឌល ហ្វឹកហ្វឺន កងទ័ពជើងគោក ក្នុងបុព្វហេតុ នៃការជ្រោមជ្រែង ដល់ខឿនអប់រំបណ្តុះបណ្តាល កងទ័ព នៃកងយោធពលខេមរភូមិន្ទ ។
ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមនាយហាន នាយទាហានរង ពលទាហានគ្រប់ជាន់ថ្នាក់ បន្តអនុវត្តតាមវិធាន ៣កុំ ៣ការពារ និងរាល់វិធានសុខាភិ បាលទាំងឡាយ ក្នុងការរស់នៅ ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ហើយ ទាមទារឲ្យមានភាពម្ចាស់ការ ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សា សុខភាព ផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ, សហគមន៍ និងអង្គភាព ពីការរាតត្បាត និងផលប៉ះពាល់ នៃជំងឺនេះ៕
No comments:
Post a Comment