ភ្នំពេញ: ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១
បន្ទាប់ពីបានយកឈ្នះក្រុមហុងកុង ដោយលទ្ធផល ៤ទល់២ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំនឹងត្រូវបន្តប៉ះជាមួយម្ចាស់ផ្ទះ ជប៉ុន នាវេលាម៉ោង ១១ព្រឹកស្អែក (ម៉ោងនៅ កម្ពុជា) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village នៃព្រឹត្តិការណ៍ពានរង្វាន់ជើង ឯកទ្វីប អាស៊ី AFC U23 ASIAN CUP 2022។
ក្រុម U23 កម្ពុជាបានយកឈ្នះជាមួយក្រុម U23 ហុងកុង ដោយលទ្ធផលបច្ចេកទេស ៤ទល់ ២ សម្រាប់ប្រកួតដំបូង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ហើយក្រុមកម្ពុជានឹងត្រូវប៉ះ ជាមួយ ម្ចាស់ផ្ទះ ជប៉ុន ១ប្រកួតចុងក្រោយ ដែលនេះជាការប្រកួតជម្រុះ ក្នុងពូល K ដែលមាន៣ក្រុម គឺ កម្ពុជា ហុងកុង និងជប៉ុន។
លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុនបានលើកឡើងថា លទ្ធផលដែលក្រុមកម្ពុជាទទួលបានជាមួយក្រុមហុងកុង ក៏ព្រោះតែយើងព្យាយាមរក្សាបាល់ ដូច តាមអ្វីដែលយើងបានអនុវត្តន៍ក្នុងការហ្វឹកហាត់។ ការរបូត២គ្រាប់ នៅវគ្គទី២ បណ្តាលមកពីការផ្លាស់ប្តូរកីឡាករច្រើន ព្រោះយើងចង់ដឹងពីការលេងរបស់កីឡាថ្មីៗខ្លះ ដែលការផ្លាស់ប្តូរនេះអាចឱ្យយើង ដឹងថា យើងត្រូវកែសម្រួលបែបណា សម្រាប់ជំនួបជាមួយក្រុមជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ។
អ្នកជំនាញបាល់ទាត់បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានការលំបាកខ្លាំងសម្រាប់ក្រុមកម្ពុជា ក្នុងការឆ្លងផុតពូល K នេះ ដោយសារត្រូវប៉ះក្រុមជប៉ុន ដែលជាក្រុមខ្លាំងប្រចាំទ្វីបអាស៊ី ម្យ៉ាងទៀត វគ្គជម្រុះក្នុងពូលនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានកំណត់យកតែ១ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ និង៤ក្រុមទៀត ជាក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុត ដែល នឹងត្រូវជ្រើសរើសចេញពីពូលទាំង១១នេះ។
សូមរម្លឹកផងដែរថា ១ប្រកួតចុងក្រោយរវាង U23 កម្ពុជា និងជប៉ុន ក្នុងព្រឹត្តិការណ៍ AFC U23 Championship China 2018 គឺក្រុមកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ បានប្រកួតចាញ់ក្រុមជប៉ុន ដោយលទ្ធផល ០ទល់២ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
សម្រាប់វគ្គជម្រុះAFC U23 ASIAN CUP 2022 មានក្រុមចូលរួមសរុបចំនួន៤១ក្រុមនៃទ្វីបអាស៊ី ដោយបែងចែកជា១១ពូល ហើយក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ (ស្មើនឹង១១ក្រុម) និងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតចំនួន៤ក្រុមផ្សេងទៀត សរុប១៦ក្រុមនឹងត្រូវបានឡើងទៅប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ នៅប្រទេសអ៊ូសបេគីស្ថានដែលគ្រោងនឹងធ្វើឡើងនាឆ្នាំ២០២២ ខាងមុខ៕
ដោយ ហេង ណាលីន
No comments:
Post a Comment