ស្ទឹងត្រែង៖ លោកយាយ ញូ បុផា អាយុ១០១ឆ្នាំរស់ នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីលោកយាយបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅថ្ងៃទី០៣កញ្ញា២០២១។
ក្នុងពិធីផ្លល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែនជូនផ្ទាល់ដៃដល់លោកយាយអាយុ១០១ឆ្នាំ កាលពីថ្ងៃទី ១៩កញ្ញា លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា៖នេះជាទឹកចិត្តរបស់សម្តេចតេជោ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលមាន វ័យចំណាស់អាយុ១០០ឆ្នាំឡើងបានចាក់វ៉ាក់សាំងកូវីដ១៩ ហើយបានផ្តល់ជូននូវថវិកាចំនួន៣ លាន និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត។
លោកជំទាវវេជ្ជបណ្ឌិត បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅខេត្តស្ទឹងត្រែង អំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងសូមអំពាវនាវឱ្យបងប្អូននាំកូនចៅចាប់ពីអាយុ០៦ឆ្នាំឡើងទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា។
លោកយាយ ញូ បុផា អាយុ១០១ឆ្នាំ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ឱ្យប្រជាពលរដ្ឋហើយ និងបានផ្ដល់អំណោយជូនរូបគាត់ នៅឱកាសនេះបន្ថែមទៀត។
លោកយាយបន្តថា៖ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពិតមានជាសារសំខាន់សម្រាប់លោកយាយ ទោះបីមានវ័យចំណាស់ហើយក៍ដោយ។
សូមបញ្ចាក់ថា ៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នាំយកទៅផ្ដល់ជូនទៅលោកយាយអាយុ១០០ឆ្នាំ នៅខេត្តរតនគិរី -លោកយាយ១០១ឆ្នាំនៅខេត្តស្ទឹងត្រែង-និងលោកយាយអាយុ១០២ឆ្នាំនៅខេត្តព្រះវិហារផងដែរ៕
ប្រភព៖លោកគឹមហឿនស្ទឹងត្រែង
No comments:
Post a Comment