រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍នាថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន ៦ រួមមាន៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), សហព័ន្ធទេសចរណ៍កម្ពុជា (CTF), សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC), សមាគមសណ្ឋាគារកម្ពុជា (CHA), សមាគមភោជនីយដ្ឋានកម្ពុជា (CRA), និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS) បានសម្ដែងនូវការថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ស្ដែងចេញពីទឹកចិត្តដឹងគុណនេះ តំណាងសមាគម និងសហព័ន្ធទាំង៦ ក៏បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការបានទាន់ពេលវេលា និងចំគោលដៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន ៩ជុំហើយ ដែលបានជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ នេះផងដែរ។
ជាការពិតណាស់ នៅក្នុងលិខិតថ្លែងអំណរគុណរបស់តំណាងផ្នែកឯកជនក្នុងវិស័យ ទេសចរណ៍ បានបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយបានដាក់ចេញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ (ប្រមាណ ៩៩.៦៤ភាគរយ) បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២រួចរាល់ ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀត ក៏បាននិងកំពុងទទួលការចាក់វ៉ាក់សាំងទៅតាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ ៕
ដោយម៉ៅ ចរិយា, សម្រួលផ្សាយ៖ រស្មីមេគង្គ
No comments:
Post a Comment